នគរបាលបំភ្លឺករណីឃាត់ខ្លួនបុរសម្នាក់នៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read41 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ បន្ទាប់ពីមានស្ត្រីម្នាក់ផ្សព្វផ្សាយតាមបណ្តាញសង្គមថា សមត្ថកិច្ចបានចាប់ប្តីរបស់គាត់បញ្ចូលក្នុងរថយន្តដោយគ្មានមូលហេតុ នៅខណ្ឌព្រែកព្នៅ។តាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្ទះលេខ LB១២ ផ្លូវលេខ៦២ ក្នុងបុរីភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។បុរសដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ចៅ សូវិចិត្រ ហៅ សារី សូវិចិត្រ ហៅ សូរ កើតឆ្នាំ១៩៨៧ ជាជនជាតិខ្មែរ។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៥៣ អ.យ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទឆបោក និងរំលោភលើទំនុកចិត្ត។ប្រតិបត្តិការនេះធ្វើឡើងខណៈកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ កំពុងចុះធ្វើការងាររដ្ឋបាល និងស្រង់ស្ថិតិនៅតំបន់ផ្ទះរបស់ជនសង្ស័យ។បច្ចុប្បន្ន បុរសខាងលើកំពុងស្ថិតក្រោមការឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

នគរបាលបំភ្លឺករណីឃាត់ខ្លួនបុរសម្នាក់នៅខណ្ឌព្រែកព្នៅ
នគរបាលបំភ្លឺករណីឃាត់ខ្លួនបុរសម្នាក់នៅខណ្ឌព្រែកព្នៅ
Previous Article
Next Article