ភ្លៀងមួយមេប្រែក្រុងទៅជាទន្លេ! ទឹកជំនន់នៅម៉ិកស៊ិកអូសរថយន្ត និងផ្ដាច់ជីវិតមនុស្សម្នាក់

ម៉ិកស៊ិក៖ ភ្លៀងមូសុងយ៉ាងខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅទីក្រុង Nogales រដ្ឋ Sonora ភាគខាងជើងប្រទេសម៉ិកស៊ិក កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ រថយន្តជាច្រើនត្រូវទឹកអូស និងផ្លូវមួយចំនួនរងការខូចខាត។
វីដេអូដែលកំពុង Viral បង្ហាញទឹកល្បាប់ហូរយ៉ាងខ្លាំងតាមដងផ្លូវ ហើយរុញរថយន្តបុកគ្នា ខណៈប្រជាពលរដ្ឋឈរនៅទីខ្ពស់ និងព្យាយាមគេចចេញពីចរន្តទឹក។
ក្រុមសង្គ្រោះបានជួយមនុស្សមួយចំនួនដែលជាប់ក្នុងទឹក ក្នុងនោះមានស្ត្រីម្នាក់ត្រូវចរន្តទឹកអូស ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ មុននេះ ក៏មានសេចក្ដីរាយការណ៍ថាមនុស្សពីរនាក់បានបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងតាមតំបន់ព្រំដែនរវាង Nogales រដ្ឋ Sonora និង Nogales រដ្ឋ Arizona របស់សហរដ្ឋអាមេរិក។
កងទ័ពម៉ិកស៊ិកបានដាក់ឱ្យដំណើរការ ផែនការ DN-III-E ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋ សម្អាតផ្លូវ និងជួយតំបន់ដែលរងគ្រោះ។ អាជ្ញាធរបានណែនាំប្រជាពលរដ្ឋកុំបើកបរឆ្លងកាត់ផ្លូវលិចទឹក ព្រោះសូម្បីទឹកមិនជ្រៅខ្លាំងក៏អាចមានកម្លាំងគ្រប់គ្រាន់អូសរថយន្តបានដែរ។
ព័ត៌មានអំពីចំនួនអ្នករងគ្រោះ និងការខូចខាតសរុបកំពុងត្រូវបានអាជ្ញាធរវាយតម្លៃបន្ត។




