នៅក្មេងៗសោះ មិនជួយធ្វើការឪពុកម្ដាយ បែរជាកាន់ដាវកាំបិតអុកឡុកពេញភូមិ ចុងក្រោយត្រូវនគរបាលឃាត់ខ្លួន

បន្ទាយមានជ័យ៖ យុវជន៤នាក់ ដែលត្រូវបានចោទថា ជិះម៉ូតូកាន់ដាវ និងកាំបិត បង្កភាពចលាចល និងគំរាមអ្នកដទៃក្នុងភូមិ ត្រូវកម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួន ក្រោយធ្វើសកម្មភាពនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយចេក អ្នកដែលត្រូវបានឃាត់ខ្លួនរួមមាន៖
សោម ប៊ុនឌៀ ភេទប្រុស អាយុ១៥ឆ្នាំ ដកហូតដាវសាមូរ៉ៃ។
រីក កា ភេទប្រុស អាយុ២០ឆ្នាំ ដកហូតដាវសាមូរ៉ៃ។
សុវត្ថិ ប្លោក ភេទប្រុស អាយុ១៦ឆ្នាំ ដកហូតកាំបិតចែត។
តាប់ ស៊ីតូ ភេទប្រុស អាយុ១៦ឆ្នាំ ដកហូតកាំបិត។
អ្នកទាំង៤មានស្រុកកំណើតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបច្ចុប្បន្នស្នាក់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួរ អ្នកទាំង៤បានទទួលស្គាល់ថា ពួកគេពិតជាបានកាន់ដាវ និងកាំបិតធ្វើសកម្មភាពអុកឡុកក្នុងភូមិ។ សមត្ថកិច្ចក៏បានដកហូតអាវុធដែលពាក់ព័ន្ធទុកជាវត្ថុតាង។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានរៀបចំសំណុំរឿង បញ្ជូនអ្នកទាំង៤ជាមួយវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី។





