កម្ពុជាផ្ដួលឥណ្ឌូនេស៊ី ៣ទល់២ សិត បង្កើតប្រវត្តិសាស្ត្រនៅ SEA V-Cup 2026

ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្រោយប្រកួតយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣សិត ទល់នឹង២ យ៉ាងស្វិតស្វាញ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V-Cup 2026 ជើងទី១។ការប្រកួតដ៏ជក់ចិត្តនេះធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។ កីឡាករកម្ពុជាបានបង្ហាញស្មារតីប្រយុទ្ធ ការសហការជាក្រុម និងភាពអត់ធ្មត់រហូតអាចផ្ដួលក្រុមឥណ្ឌូនេស៊ី ដែលត្រូវបានចាត់ទុកថាជាក្រុមខ្លាំងមួយប្រចាំតំបន់។ជ័យជម្នះនេះបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យបាល់ទះកម្ពុជា ក្នុងការចូលរួមពាន SEA V-Cup ជាលើកទី២។ កាលពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២៥ ក្រុមកម្ពុជាមិនទាន់អាចទទួលបានជ័យជម្នះក្នុងការប្រកួតណាមួយឡើយ។ការវិវឌ្ឍយ៉ាងឆាប់រហ័សពីក្រុមដែលមិនធ្លាប់ឈ្នះកាលពីឆ្នាំមុន មកជាក្រុមដែលអាចផ្ដួលឥណ្ឌូនេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ បានបង្ហាញពីការរីកចម្រើនរបស់កីឡាករ និងប្រសិទ្ធភាពនៃការដឹកនាំរបស់ក្រុមគ្រូបង្វឹកកម្ពុជា។បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន ព្រឹត្តិការណ៍ SEA V-Cup 2026 នឹងបន្តជើងទី២នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦៕






