រុស្ស៊ីកើនការដកសាច់ប្រាក់ ក្រោយបិទអ៊ីនធឺណិតចល័ត


ការដកសាច់ប្រាក់នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៦ ខណៈការបិទប្រព័ន្ធអ៊ីនធឺណិតចល័តនៅតំបន់ជាច្រើន បានរំខានដល់ការទូទាត់តាមកាត និងជំរុញឱ្យប្រជាពលរដ្ឋជាច្រើនងាកមកកាន់ការប្រើប្រាស់សាច់ប្រាក់វិញ។
តាមរបាយការណ៍របស់ធនាគារកណ្តាលរុស្ស៊ី បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ប្រទេសនេះបានបន្ថែមសាច់ប្រាក់ប្រមាណ 1.56 លានលានរូបល (ប្រហែល 20 ពាន់លានដុល្លារ) ចូលក្នុងចរន្តសាច់ប្រាក់។ ការកើនឡើងនេះកើតឡើងស្របពេលដែលរុស្ស៊ីបិទប្រព័ន្ធអ៊ីនធឺណិតចល័តជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ពីអ៊ុយក្រែន។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការកាន់សាច់ប្រាក់ផ្តល់នូវអារម្មណ៍សុវត្ថិភាព និងភាពជឿជាក់ជាងការពឹងផ្អែកលើប្រព័ន្ធទូទាត់អេឡិចត្រូនិក។ ស្ត្រីម្នាក់នៅទីក្រុងម៉ូស្គូបានប្រាប់ BBC ថា ការមានសាច់ប្រាក់នៅក្នុងដៃធ្វើឱ្យនាងមានទំនុកចិត្តថា អាចទិញទំនិញចាំបាច់បាន ប្រសិនបើមានស្ថានការណ៍អាសន្នកើតឡើង។
របាយការណ៍ក៏បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់បានកើនឡើងរួចមកហើយ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រកាសការកែនកងទ័ពមួយផ្នែកកាលពីឆ្នាំ២០២២ និងអំឡុងពេលមានការបះបោររបស់ក្រុម Wagner ក្នុងឆ្នាំ២០២៣។
អ្នកជំនាញព្រមានថា និន្នាការងាកមកប្រើសាច់ប្រាក់កំពុងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីកាន់តែពិបាកប្រមូលចំណូលពន្ធ ខណៈប្រទេសកំពុងប្រឈមនឹងសម្ពាធថវិកា និងចំណាយយោធាដ៏ច្រើនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់នៃ Sberbank ក៏បានព្រមានថា អាជីវកម្មមួយចំនួនកំពុងបើកប្រាក់ខែជាសាច់ប្រាក់ ដើម្បីគេចវេះការបង់ពន្ធ។



