ផ្សែងភ្លើងឆេះព្រៃ គំរាម World Cup Final នៅញូវជឺស៊ី


ផ្សែងពីភ្លើងឆេះព្រៃរាប់រយកន្លែងនៅប្រទេសកាណាដា បានរសាត់គ្របដណ្ដប់តំបន់ញូវយ៉ក និងញូវជឺស៊ី សហរដ្ឋអាមេរិក មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រវាងក្រុមអាហ្សង់ទីន និងអេស្ប៉ាញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ការប្រកួតគ្រោងធ្វើឡើងនៅកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey។ ប៉ុន្មានថ្ងៃមុនការប្រកួត គុណភាពខ្យល់ក្នុងតំបន់ត្រូវបានវាយតម្លៃថា មិនល្អសម្រាប់ក្រុមមនុស្សងាយរងផលប៉ះពាល់ ដោយសារផ្សែងពីភ្លើងឆេះព្រៃ។
បញ្ហាអាកាសធាតុក៏បានរំខានដល់ការត្រៀមខ្លួនរបស់ក្រុមទាំងពីរ។ ការហ្វឹកហាត់របស់អាហ្សង់ទីនត្រូវបានពន្យារពេលប្រមាណ ៤៥នាទីដោយសារព្យុះ ខណៈអេស្ប៉ាញត្រូវលុបចោលការហ្វឹកហាត់ចុងក្រោយ។
ក្នុងពេលដំណាលគ្នា អាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗ និងអំពាវនាវឱ្យប្រជាជនកុំធ្វើដំណើរ លើកលែងតែត្រូវចាកចេញពីតំបន់ប្រឈមគ្រោះថ្នាក់។
ទោះជាយ៉ាងណា ការព្យាករចុងក្រោយបង្ហាញថា អាកាសធាតុនៅ East Rutherford អាចប្រសើរឡើងនៅថ្ងៃប្រកួត ដោយផ្សែងថយចុះ មានពន្លឺថ្ងៃ និងឱកាសភ្លៀងតិចតួច។ អាជ្ញាធរនៅតែបន្តតាមដានគុណភាពខ្យល់ និងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ។







