សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការបើកបណ្តុះបណ្តាល TVET នៅតាមសាលាឯកជន ដើម្បីពង្រឹងធនធានមនុស្សកម្ពុជា

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅតាមសាលាឯកជននានា ដោយចាត់ទុកថា ជាការចូលរួមដ៏សំខាន់ជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ទីផ្សារការងារ។
ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃ សាកលវិទ្យាល័យ South-East Asia ដែលប្រារព្ធធ្វើនៅ សណ្ឋាគារសុខា ខេត្តសៀមរាប។
សម្តេចធិបតីបានបញ្ជាក់ថា ការចូលរួមរបស់គ្រឹះស្ថានឯកជនក្នុងការបណ្តុះបណ្តាល TVET គឺជាកត្តាសំខាន់ក្នុងការពង្រីកឱកាសសិក្សា និងលើកកម្ពស់ជំនាញជាក់ស្តែងរបស់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។
សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងរដ្ឋ ស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់ជំនាញដែលអាចអនុវត្តបានពិតប្រាកដ និងជួយឱ្យនិស្សិតមានឱកាសទទួលបានការងារធ្វើ ឬបង្កើតអាជីវកម្មដោយខ្លួនឯងក្រោយបញ្ចប់ការសិក្សា។
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញការអភិវឌ្ឍវិស័យអប់រំ និង TVET ដោយផ្តោតលើ គុណភាពនៃការបណ្តុះបណ្តាល និងការផ្គូផ្គងជំនាញជាមួយតម្រូវការរបស់ទីផ្សារការងារ ដើម្បីពង្រឹងការប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។







