នគរបាលខេត្តកណ្តាល បំភ្លឺករណីនារីត្រូវកណ្ដៀវគប់ជាប់ខ្នងនៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតាមចាប់បក្ខពួក

សន្តិសុខសង្គម ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read21 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00
កណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញសេចក្តីបំភ្លឺជុំវិញវីដេអូមួយដែលកំពុងចែកចាយលើបណ្ដាញសង្គម ដោយបង្ហាញនារីម្នាក់មានកណ្ដៀវជាប់នៅខ្នង អមជាមួយការអះអាងថា ជនរងគ្រោះត្រូវបានគេធ្វើសកម្មភាពយ៉ាងសាហាវ។ ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។តាមសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះមានចំនួន ២នាក់ គឺ រស់ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូ និង វ៉ាន ចាន់សល់ ភេទស្រី អាយុ២១ឆ្នាំ ដែលរងរបួសធ្ងន់ ដោយកណ្ដៀវត្រូវចំខ្នង និងជាប់នៅនឹងខ្នង។ចំណែកជនសង្ស័យមាន ២នាក់ គឺ ថុល កន អាយុ២៩ឆ្នាំ ជាជនដៃដល់ដែលបានយកកណ្ដៀវគប់ និងជាអ្នកបើកម៉ូតូ។ ការធ្វើតេស្តទឹកនោមបង្ហាញថា រូបគេមានសារធាតុញៀន។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ វ៉ាន្នី សុឺ អាយុ២៦ឆ្នាំ បានរត់គេចខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចតាមស្វែងរក។សភាពនៃរឿងហេតុតាមការស្រាវជ្រាវរបស់សមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០២៦ ចេញពីផ្ទះក្នុងឃុំប្រាសាទ ស្រុកស្អាង ទៅហូបបង្អែមនៅឃុំត្រើយស្លា។ ក្រោយពេលហូបរួច អ្នកទាំងពីរបានជិះម៉ូតូត្រឡប់មកផ្ទះវិញ។លុះមកដល់ចំណុចកើតហេតុ ក៏បានជួបជាមួយជនសង្ស័យទាំងពីរ ដែលកំពុងជិះម៉ូតូដើរស្វែងរកក្រុមយុវជនដែលធ្លាប់មានទំនាស់ និងជេរប្រមាថពួកគេ។ ដោយច្រឡំថា ម៉ូតូរបស់ជនរងគ្រោះជាក្រុមដែលខ្លួនកំពុងស្វែងរក ជនសង្ស័យបានឈប់ម៉ូតូ ហើយយកកណ្ដៀវគប់សំដៅទៅលើជនរងគ្រោះ។កណ្ដៀវបានត្រូវនារីរងគ្រោះឈ្មោះ វ៉ាន ចាន់សល់ ចំខ្នង និងជាប់នៅនឹងខ្នង បណ្ដាលឱ្យរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ។ទោះបីជារងរបួសក៏ដោយ ជនរងគ្រោះទាំងពីរបានជិះម៉ូតូទៅប្រាប់សាច់ញាតិ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ មុនពេលសមត្ថកិច្ចបញ្ជូននារីរងគ្រោះទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ក្រោយការស្រាវជ្រាវ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុល កន ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថុល កន បានសារភាពថា រូបគេពិតជាបានយកកណ្ដៀវគប់ទៅលើជនរងគ្រោះមែន ដោយសារច្រឡំថាជាក្រុមដែលខ្លួនកំពុងស្វែងរក។ លទ្ធផលធ្វើតេស្តទឹកនោមក៏បង្ហាញថា រូបគេមានសារធាតុញៀនផងដែរ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទចោទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់សាធារណជន សូមកុំជឿ ឬចែកចាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ ហើយសូមរង់ចាំព័ត៌មានផ្លូវការពីសមត្ថកិច្ច ដើម្បីចៀសវាងការភាន់ច្រឡំ និងការបង្កឱ្យមានការយល់ខុសនៅក្នុងសង្គម។
នគរបាលខេត្តកណ្តាល បំភ្លឺករណីនារីត្រូវកណ្ដៀវគប់ជាប់ខ្នងនៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតាមចាប់បក្ខពួក
នគរបាលខេត្តកណ្តាល បំភ្លឺករណីនារីត្រូវកណ្ដៀវគប់ជាប់ខ្នងនៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតាមចាប់បក្ខពួក
នគរបាលខេត្តកណ្តាល បំភ្លឺករណីនារីត្រូវកណ្ដៀវគប់ជាប់ខ្នងនៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតាមចាប់បក្ខពួក
នគរបាលខេត្តកណ្តាល បំភ្លឺករណីនារីត្រូវកណ្ដៀវគប់ជាប់ខ្នងនៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតាមចាប់បក្ខពួក
Previous Article
Next Article