កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS

ព័ត៌មាន​ជាតិ ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read40 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការជំទាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការចាប់ផ្តើមនីតិវិធីដោះស្រាយវិវាទដែនសមុទ្ររបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបញ្ជាក់ថា ការប្រើប្រាស់យន្តការក្រោម UNCLOS គឺជាសិទ្ធិស្របច្បាប់របស់រដ្ឋភាគី និងជាវិធីសាស្ត្រសន្តិភាពសម្រាប់ដោះស្រាយវិវាទដែនសមុទ្រ។ កម្ពុជាក៏បានកត់សម្គាល់ថា ភាគីថៃធ្លាប់បានបង្ហាញជំហរគាំទ្រការប្រើ UNCLOS ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រផងដែរ។ ក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ការបង្កើតហេតុផលដើម្បីពន្យារពេល និងវិលត្រឡប់ទៅអនុវត្តដំណើរការកំណត់ព្រំដែនដោយស្មោះត្រង់ ស្របតាមអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់ថា មិនមានមូលហេតុផ្នែកច្បាប់ ឬផ្នែកអនុវត្តណាមួយ ដែលអាចយកមកពន្យារការងារកំណត់ព្រំដែនគោក និងដំណើរការដោះស្រាយបញ្ហាដែនសមុទ្រក្រោម UNCLOS បាននោះទេ។ សេចក្តីថ្លែងការណ៍ក៏បានរំលឹកថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភាហ្វ្រង់កូហ្វូន (Parliamentary Assembly of the Francophonie) បានអនុម័តសេចក្តីសម្រេចគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង និងបន្តការងាររបស់គណៈកម្មការព្រំដែនចម្រុះ (JBC)។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរពសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ និងការកំណត់ព្រំដែន ស្របតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានបញ្ជាក់ឡើងវិញក្នុង MOU ឆ្នាំ២០០០។ នៅក្នុងការបញ្ចប់ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការពន្យារពេលដំណើរការកំណត់ព្រំដែនដោយគ្មានមូលហេតុសមស្រប ដើម្បីបន្តការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺផ្ទុយនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ហើយមិនអាចទទួលយកបានឡើយ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS

Previous Article
Next Article