User Rate Limit Exceeded

ទឹកជំនន់ភ្លាមៗ និងបាក់ដីនៅវៀតណាម សម្លាប់មនុស្ស ៤នាក់ និងបាត់ខ្លួន ៤នាក់

World ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read31 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ហាណូយ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ ៤នាក់បាត់ខ្លួន និងយ៉ាងហោចណាស់ ៩នាក់រងរបួស គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ខេត្តឡៃចូវ ជាតំបន់ដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ។ ភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃទី១៦ រហូតដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា បានបង្កជាទឹកជំនន់ភ្លាមៗ និងបាក់ដីនៅតាមភូមិមួយចំនួនក្នុងឃុំមឿងថាន ។ តំបន់រងគ្រោះរួមមានភូមិជីត ភូមិណាំសាង តំបន់ក្រុមទី១១ និងទីតាំងជាច្រើនផ្សេងទៀត។ ទឹកជំនន់ដែលហូរចុះពីតំបន់ភ្នំបានវាយប្រហារផ្ទះប្រជាពលរដ្ឋ ផ្លូវថ្នល់ ដីស្រែចម្ការ និងបណ្ដាញអគ្គិសនី។ អាជ្ញាធរបានរាយការណ៍ថា ផ្ទះចំនួន ២១ខ្នងបានដួលរលំ ផ្ទះចំនួន ១៤៤ខ្នងរងការខូចខាត និងផ្ទះចំនួន ៦៤ខ្នងទៀតរងផលប៉ះពាល់ដោយទឹកជំនន់ និងបាក់ដីនៅខេត្តឡៃចូវ ឡាវកាយ ឌៀនបៀន និងសឺនឡា។ គ្រួសារចំនួន ២៧៥គ្រួសារត្រូវបានជម្លៀសចេញជាបន្ទាន់ពីតំបន់ដែលប្រឈមនឹងទឹកជំនន់ និងបាក់ដី។ ដំណាំស្រូវ និងដំណាំផ្សេងៗប្រមាណ ៦៩៦ហិកតារងការខូចខាត ខណៈសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់។ នៅឃុំមឿងថាន ផ្ទះមួយចំនួនត្រូវបានទឹកហូរនាំយក និងកប់ក្រោមដីល្បាប់។ ផ្លូវជាតិលេខ៣២ ផ្លូវជាតិលេខ២៧៩ និងផ្លូវតភ្ជាប់តាមភូមិជាច្រើនត្រូវបានបាក់ដីបិទផ្លូវ បង្កការលំបាកដល់ប្រតិបត្តិការសង្គ្រោះ និងការដឹកជញ្ជូនសម្ភារៈចូលទៅកាន់តំបន់រងគ្រោះ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជូនមន្ត្រីនគរបាល និងកម្លាំងពាក់ព័ន្ធជាង ១មុឺននាក់ ព្រមទាំងយានយន្តជាង ២០០គ្រឿង ទៅចូលរួមស្វែងរកអ្នកបាត់ខ្លួន ជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្អាតដីល្បាប់។ មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិវៀតណាមបានព្រមានថា តំបន់ភ្នំភាគខាងជើងនៅតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបាក់ដីបន្ថែមទៀត។ អាជ្ញាធរមូលដ្ឋានកំពុងបន្តប្រតិបត្តិការស្វែងរកជនបាត់ខ្លួនទាំង ៤នាក់ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានហានិភ័យខ្ពស់។
ទឹកជំនន់ភ្លាមៗ និងបាក់ដីនៅវៀតណាម សម្លាប់មនុស្ស ៤នាក់ និងបាត់ខ្លួន ៤នាក់

Previous Article
Next Article