ថៃបដិសេធព័ត៌មានថា នាវាដោតទង់ជាតិថៃត្រូវអ៊ីរ៉ង់វាយប្រហារនៅច្រកសមុទ្រ Hormuz


អាជ្ញាធរកងទ័ពជើងទឹកថៃ បានចេញមុខបដិសេធព័ត៌មានដែលកំពុងរីករាលដាលលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលអះអាងថា នាវាដឹកទំនិញដោតទង់ជាតិថៃ ត្រូវបានកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) វាយប្រហារនៅច្រកសមុទ្រ Hormuz នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានឱ្យដឹងថា បន្ទាប់ពីសម្របសម្រួលជាមួយមជ្ឈមណ្ឌលតាមដានចរាចរណ៍នាវា និងអាជ្ញាធរពាក់ព័ន្ធ ពួកគេបានផ្ទៀងផ្ទាត់ថា នាវាដែលបង្ហាញក្នុងព័ត៌មាននោះ មិនមែនជានាវាដោតទង់ជាតិថៃឡើយ។
កងទ័ពជើងទឹកថៃ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមាននាវាដឹកទំនិញថៃតែមួយគ្រឿងប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការនៅតំបន់ឈូងសមុទ្រ Oman ហើយការត្រួតពិនិត្យបានបង្ហាញថា នាវា និងនាវិកទាំងអស់មានសុវត្ថិភាព និងនៅតែបន្តការធ្វើដំណើរជាធម្មតា។
ទោះជាយ៉ាងណា ដោយសារភាពតានតឹងផ្នែកយោធានៅតំបន់មជ្ឈិមបូព៌ានៅតែបន្ត កងទ័ពជើងទឹកថៃបានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូន និងនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងតំបន់ដែលមានហានិភ័យ ប្រសិនបើមិនចាំបាច់។





