មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវកុំប៉ះពាល់ ឬបរិភោគមាន់-ទាងាប់

មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជៀសវាងការប៉ះពាល់ ការចាប់កាន់ ឬការបរិភោគមាន់ និងទាដែលឈឺ ឬងាប់ ដើម្បីការពារការឆ្លងវីរុសគ្រុនផ្តាសាយបក្សី H5N1 មកកាន់មនុស្ស។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះជីវិតទារិកាអាយុ ១០ ខែម្នាក់ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ បង្កដោយវីរុស H5N1 និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ក្រោយសម្រាកព្យាបាលអស់រយៈពេល ១០ ថ្ងៃ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ករណីនេះបង្ហាញថា ការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស និងការព្យាបាលទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន។ ទោះជាយ៉ាងណា វីរុស H5N1 នៅតែជាជំងឺដែលមានហានិភ័យខ្ពស់ ជាពិសេសចំពោះកុមារតូចៗ និងអ្នកដែលមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់។
អាជ្ញាធរសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីពេទ្យ ប្រសិនបើប្រទះឃើញមាន់ ឬទាងាប់ដោយមិនដឹងមូលហេតុ ហើយមិនត្រូវយកមកចម្អិន ឬបរិភោគឡើយ។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ឬមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់ គួរប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេល។




