តាមទាន់ប្តីនៅជាមួយស្រីស្នេហ៍ក្នុងផ្ទះសំណាក់ ប្រពន្ធយកសាំងចាក់ដុត បណ្តាលឱ្យរងរបួសធ្ងន់ ២នាក់

កំពត៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ខណៈស្ត្រីជាប្រពន្ធម្នាក់ តាមទាន់ប្តីកំពុងនៅជាមួយស្រីស្នេហ៍ក្នុងផ្ទះសំណាក់ ហើយដោយកំហឹងខ្លាំង បានយកសាំងចាក់ទៅលើអ្នកទាំងពីរ និងដុត បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។
តាមប្រភពពីសមត្ថកិច្ច ស្ត្រីជាជនសង្ស័យមានឈ្មោះ អៀម សាអែម អាយុ ៤៦ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ចំណែកប្តីដែលរងគ្រោះមានឈ្មោះ ង៉ែត គា អាយុ ៤៥ឆ្នាំ ខណៈស្ត្រីម្នាក់ទៀតដែលរងរបួសធ្ងន់ និងត្រូវបានអះអាងថាជាស្រីស្នេហ៍ មានឈ្មោះ ឈុន រដ្ឋថេន អាយុ ៤០ឆ្នាំ មានទីលំនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរបានមានទំនាស់គ្នាជាញឹកញាប់ ដោយសារបញ្ហាប្តីមានស្រីផ្សេង។ ស្ត្រីជាប្រពន្ធធ្លាប់បានដាក់ពាក្យបណ្តឹងនៅសាលាឃុំរួចហើយ ប៉ុន្តែបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ព្រោះសាលាឃុំមានតួនាទីត្រឹមសម្របសម្រួលប៉ុណ្ណោះ និងមិនមានសិទ្ធិសម្រេចលើការលែងលះប្តីប្រពន្ធ។
លុះដល់វេលាកើតហេតុ ស្ត្រីជាប្រពន្ធបានតាមទៅដល់ផ្ទះសំណាក់ និងប្រទះឃើញប្តីកំពុងដេកអោបជាមួយស្រីស្នេហ៍។ ដោយទប់កំហឹងមិនបាន រូបនាងបានយកសាំងចាក់ទៅលើអ្នកទាំងពីរ រួចដុត បណ្តាលឱ្យរងរបួសរលាកភ្លើងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ និងឃាត់ខ្លួនស្ត្រីជាជនសង្ស័យភ្លាមៗ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជុំគិរី មុនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។





