IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជា៖ កំណើននៅតែមាន ប៉ុន្តែរំពឹងថានឹងថយចុះមក ៣% ក្នុងឆ្នាំ ២០២៦


ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចប់បេសកកម្មវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំ (Article IV Mission) នៅកម្ពុជា ដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ ប៉ុន្តែកំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងថយចុះមកនៅត្រឹម ៣% ក្នុងឆ្នាំ ២០២៦។
តាមរបាយការណ៍របស់ IMF កត្តាសំខាន់ៗដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច រួមមានការកើនឡើងនៃតម្លៃថាមពល ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មពិភពលោក កំណើនទេសចរណ៍ដែលនៅទាប និងតម្រូវការក្នុងស្រុកដែលមិនទាន់ស្ទុះងើបឡើងវិញ។
IMF បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០២៥ កម្ពុជាសម្រេចបានកំណើន GDP ពិតប្រាកដប្រមាណ ៥,៣% ដែលគាំទ្រដោយការកើនឡើងនៃការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
ទោះជាយ៉ាងណា វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ នៅតែបន្តប្រឈមនឹងបញ្ហា។ជាមួយគ្នានេះ IMF បានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តរក្សាវិន័យហិរញ្ញវត្ថុ ពង្រឹងការប្រមូលចំណូលពន្ធ អនុវត្តកំណែទម្រង់សេដ្ឋកិច្ច បង្កើនប្រសិទ្ធភាពវិស័យហិរញ្ញវត្ថុ និងពង្រឹងវិធានការប្រឆាំងហានិភ័យក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលខាងមុខ។
អ្នកជំនាញរបស់ IMF ក៏បានលើកឡើងថា ប្រសិនបើការកែទម្រង់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើង កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងឆ្នាំ ២០២៧។



