អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តនៅទីក្រុងបាងកក សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ និងរបួសជាង ៦០នាក់

ព័ត៌មានអន្តរជាតិ ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read79 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះក្លឹបកម្សាន្ត Rong Beer Na Lat Phrao (Na Ladprao Pub) ស្ថិតក្នុងសង្កាត់ចតុចក (Chatuchak) ទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាជិតពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់ស្លាប់ និង ៦៣នាក់រងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់ជាច្រើននាក់។

តាមអាជ្ញាធរថៃ បានឱ្យដឹងថា ភ្លើងបានឆាបឆេះយ៉ាងលឿន និងផ្សែងខ្មៅក្រាស់បានពេញក្នុងអគារ ធ្វើឱ្យភ្ញៀវជាច្រើនមិនអាចរត់គេចបានទាន់ពេល។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះជាច្រើននៅតំបន់បន្ទប់ទឹកខាងក្រោយក្លឹប ដែលត្រូវបានជាប់គាំងដោយសារផ្សែង និងអណ្តាតភ្លើង។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះពិនិត្យទីតាំងកើតហេតុផ្ទាល់ និងបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ សាក្សីម្នាក់ដែលជាតន្ត្រីករកំពុងសម្តែងនៅក្នុងក្លឹប បានអះអាងថា គាត់បានឃើញផ្សែងចេញពីប្រអប់ចរន្តអគ្គិសនីក្បែរឆាក មុនពេលភ្លើងដាច់ និងមានសំឡេងផ្ទុះមួយ បន្ទាប់មកផ្សែងបានសាយភាយយ៉ាងឆាប់រហ័ស។

ក្រុមពន្លត់អគ្គិភ័យបានប្រើពេលប្រមាណ ៣០នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ក្រោយពន្លត់ភ្លើង សំណង់ខាងក្នុងក្លឹបបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមនីតិវិទ្យា និងអាជ្ញាធរកំពុងបន្តស្វែងរកភស្តុតាង និងកំណត់អត្តសញ្ញាណជនរងគ្រោះ។

ហេតុការណ៍នេះត្រូវបានចាត់ទុកថាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមួយនៅទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបានបង្កការព្រួយបារម្ភជាថ្មីអំពីស្តង់ដារសុវត្ថិភាពអគ្គិភ័យនៅតាមក្លឹបកម្សាន្ត និងកន្លែងប្រមូលផ្តុំមនុស្សក្នុងប្រទេសថៃ។

Previous Article
Next Article