អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang នៅថ្ងៃទី៣ ខែមីនា បានបញ្ជាក់ពីការជំទាស់ការប្រើប្រាស់កម្លាំងទ័ពបំពានដែនអធិបតេយ្យប្រទេសដទៃ។ យ៉ាងណាមិញ មន្រ្តីវៀតណាមរូបនេះ មិនបានសំដៅដល់ប្រទេសណាមួយឡើយ។

ជម្លោះរវាងអ៊ីរ៉ង់ ជាមួយអាម៉េរិក និងអុីស្រាអែល នៅតែមានសភាពខ្លាំងក្លា ដ្បិតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញ និងជីវិតមនុស្សត្រូវបានសម្លាប់។ ក្រោយអាម៉េរិក និងអុីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់ តាមរយៈផ្លូវអាកាស វៀតណាម បានប្រកាសជំទាស់ប្រើប្រាស់កម្លាំងទ័ពបំពានដែនអធិបតេយ្យប្រទេសដទៃ។ 

តាមសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមីនា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាមជំទាស់ការប្រើប្រាស់កម្លាំងទ័ពប្រឆាំងរដ្ឋអធិបតេយ្យ ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម មិនបានសំដៅដល់ប្រទេសណាមួយឡើយ។

បើតាមមន្រ្តីវៀតណាមរូបនេះ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មានតែបំផ្លាញ និងគំរាមកំហែងជីវិតមនុស្ស រួមទាំងប្រជាជនវៀតណាមនៅក្នុងតំបន់ ជាពិសេសប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច រួមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះ។ 

លើសពីនេះ វៀតណាម បានទទូចឱ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពអធិបតេយ្យ និងបូរណភាពប្រជាជាតិដទៃ។ លើសពីនេះ វៀតណាម បានអំពាវនាវឱ្យអាម៉េរិក អុីស្រាអែល និងអ៊ីរ៉ង់ ចូលតុចរចា និងដោះស្រាយជម្លោះប្រកបដោយសន្តិភាពតាមរយៈកិច្ចចរចា៕  

Leave a Reply

Your email address will not be published. Required fields are marked *

You missed